ដំណើរចុះពិនិត្យ Ares Organic Farm Products និងការចិញ្ចឹម មាន់ស្រែជាលក្ខណៈគ្រួសារ
ចេញ​ផ្សាយ ២២ ធ្នូ ២០២០
1,563

នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី អមដំណើរដោយឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងសហការីបានអញ្ជើញមកពិនិត្យ លើការងារកសិកម្មចំនួន២កម្មវិធី៖

កម្មវិធីទី១៖  ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមអភិបាលខេត្ត និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋាន Ares Organic Farm Products នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ លោក ហេង ឆាយ ម្ចាស់ចំការ បានឱ្យដឹងថាបច្ចុប្បន្នចម្ការមានផ្ទៃដី ១៨ហ. ចាប់ផ្តើមអភិវឌ្ឍចម្ការនេះ បន្ទាប់ពីម្ចាស់មុននៅឆ្នាំ២០១៩។ ចម្ការបានដាំម្រេច ខ្នុរ ១០០០ដើម ត្របែក ១២ហ. និងស្វាយមួយចំនួនទៀត។
កសិដ្ឋានកំពុងធ្វើការអភិវឌ្ឍធ្វើការពង្រីកដំណាំត្របែក និងដាំណាំក្រូចវល្លិ៍ ដើម្បីធានាបរិមាណផលិតផលសរីរាង្គទាំងបរិមាណ និងគុណភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់ លោក ហេង ឆាយ ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង និងបង្កើតការងារទាំងក្នុងចម្ការ និងកន្លែងវេចខ្ចប់ជូនបងប្អូននៅជនបទ។

កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត និងសហការីបានអញ្ជើញមកមើលការចិញ្ចឹម មាន់ស្រែជាលក្ខណគ្រួសារ លោកស្រី សៀង សុខុម នៅភូមិចំការចេក ឃុំពងទឹក។ ដោយទទួលបានការជួយគាំទ្រ និងឧបត្ថម្ភពីគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្ម ប្រកបដោយចីរភាព បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុលើអនុវិស័យវារីវប្បកម្ម និងផលិតកម្មសត្វ នៅឆ្នាំ២០១៧ ដំបូងចាប់ផ្តើមចិញ្ចឹមត្រឹមមេមាន់ ២៨ ឈ្មោល ៤ក្បាល ជាបណ្តើរៗគ្រួសារនេះបានវិវឌ្ឍន៍រីកចម្រើនយ៉ាងលឿងលើផលិតកម្មមាន់ (ភ្ញាស់កូនលក់ និងចិញ្ចឹមមាន់បំប៉នយកសាច់) បច្ចុប្បន្នមានមេយកស៊ុតចំនួន ៣០០មេ ក្នុងមួយថ្ងៃអាចភ្ញាស់កូនមាន់បាន ៧០០-៨០០ក្បាល ដោយប្រើទូភ្ញាស់  និងមានម៉ាស៊ីនលាយចំណីមាន់។ គាត់បានសហការជាមួយដៃគូដែលទិញកូនមាន់គាត់ ដោយប្រមូលទិញមកវិញជាមាន់ជំទង់ រួចធ្វើការចិញ្ចឹមបំប៉នយកសាច់ផ្គត់ផ្គង់ឲ្យទីផ្សារ។ ទៅថ្ងៃអនាគតគាត់គ្រោងពង្រីកអាជីវកម្មចិញ្ចឹមមាន់នេះបន្ថែមទៀត ដើម្បីឆ្លើយតបតាមត្រូវការកូនមាន់ និងមាន់សាច់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្តបានកោតសរសើរ និងវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់គាត់ដើម្បីជួយជម្រុញផលិតកម្មមាន់ដើម្បីធានាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារបន្ថែមឲ្យខ្លួនឯងតាមរយ:ការចិញ្ចឹមមាន់ ជាលក្ខណៈគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវទឹកចិត្តចូលរួមអបអរសាទរ និងលើកទឹកចិត្តឲ្យខិតខំពង្រីកអាជីវកម្មនេះបន្ថែមទៀត នាពេលអនាគតដើម្បីសេដ្ឋកិច្ចគ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter