១.ស្ថានភាពភូមិសាស្រ្ត និងប្រជាសាស្រ្ត
ខេត្តកែបមានផ្ទៃដីគោកសរុប ១៨៧.២៤គីឡូម៉ែត្រក្រឡា និងកោះចំនួន១៣ ចែកជាក្រុង១ ស្រុក១ ក្នុងនោះមាន៣សង្កាត់ ២ឃុំ និង១៨ភូមិ ។ ខេត្តនេះចម្ងាយផ្លូវប្រវែង ១៧៥ គ.ម ពីរាជធានីភ្នំពេញមកទីរួមខេត្ត ដោយកាត់តាមផ្លូវជាតិលេខ៣ និងលេខ៣៣អា មានព្រំប្រទល់ភាគខាងជើងជាប់នឹងស្រុកដងទង់ និងស្រុកទឹកឈូខេត្តកំពត ខាងត្បូងទល់នឹងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា និងវៀតណាម ខាងកើតទល់នឹងស្រុកកំពង់ត្រាច ខេត្តកំពត និងខាងលិចទល់នឹងស្រុកទឹកឈូខេត្កំពត។
ប្រជាពលរដ្ឋសរុបទូទំាងខេត្តមានចំនួន ១០៤៨៤ គ្រួសារ ស្មើនឹងចំនួនមនុស្ស ៤៤ ៥២៣ នាក់, ស្រី២២ ៨២២ នាក់ ។
២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប
មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាន បេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន
- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមានមុខងារ និងភារកិច្ចដូចតទៅ ៖
- លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
- គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការនិងវិធានការអភិវឌ្ឍវិស័យកសិកម្ម
- លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិករដ្ឋ
- គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
- រៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក
- ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
- ផ្តល់ការគាំទ្រនិងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានានិងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
- ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
- ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់បង្ការ និងរាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងនូវបណ្តាសមាសភាព ភយន្តរាយ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន
- ធ្វើជាដៃគូដ៏ល្អនិងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានាអង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
- ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ ។
៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប មានខណ្ឌ ការិយាល័យជំនាញចំណុះឱ្យមន្ទីរ ដូចខាងក្រោម៖
១.ការិយាល័យរដ្ឋបាល-បុគ្គលិក
២.ការិយាល័យផែនការ-គណនេយ្យ
៣.ការិយាល័យនីតិកម្មកសិកម្ម
៤.ការិយាល័យផលិតកម្ម និងបសុព្យាបាល
៥.ការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម
៦.ការិយាល័យផ្សព្វផ្សាយកសិកម្ម
៧.ការិយាល័យគ្រឿងយន្តកសិកម្ម
៨.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៩.ការិយាល័យកសិ-ឧស្សាហកម្ម
១០.ការិយាល័យកៅស៊ូ
១១.ខណ្ឌរដ្ឋបាលព្រៃឈើកែប
១២.ខណ្ឌរដ្ឋបាលជលផលកែប
រចនាសម្ព័ន្ធមន្ទីរ